ហ្វ៊ូណនខនសាល់ធីង ឯ.ក Close

សាធារណៈជនត្រូវបានណែនាំឱ្យជៀសវាងអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ និងខុសច្បាប់

ធនាគារជាតិនៃកម្ពុជា (NBC) និងអគ្គស្នងការនគរបាលជាតិបានអំពាវនាវជាថ្មីម្តងទៀតដល់សាធារណជនឱ្យប្រើប្រាស់អ្នកផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដែលមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល និងណែនាំកុំឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ និងគ្មានអាជ្ញាប័ណ្ណ។

ការណែនាំនេះត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ ដែលចេញផ្សាយនាពេលថ្មីៗនេះ។

អ្នកផ្តល់សេវាហិរញ្ញវត្ថុស្របច្បាប់រួមមានធនាគារពាណិជ្ជកម្ម និងឯកទេសដែលមានការអនុញ្ញាត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អ្នកផ្តល់សេវាទូទាត់ និងគ្រឹះស្ថានឥណទានជនបទ។

ការជូនដំណឹងនេះបានធ្វើឡើងបន្ទាប់ពីមានការសង្កេតលើការផ្សាយពាណិជ្ជកម្មទូរស័ព្ទចល័ត ប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាអនឡាញផ្សេងទៀតសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសប្រាក់កម្ចី។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា វាកំពុងបំភាន់សាធារណជន និងរំខានដល់សេដ្ឋកិច្ច និងសង្គម ដោយ​ហៅ​សេវាកម្ម​ទាំង​នោះ​ជាសេវា ​អនាធិបតេយ្យ និង​ខុស​ច្បាប់។

កម្ចីទាំងនោះគិតអត្រាការប្រាក់ខ្ពស់ខ្លាំង រួមជាមួយនឹងការគំរាមកំហែង និងកិច្ចសន្យាកេងប្រវ័ញ្ច ដែលគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាជន ដោយសារជំពាក់បំណុលគេច្រើនពេក។

សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ថា នៅ​ទី​បំផុត វា​ប៉ះពាល់​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ ការ​ទុក​ចិត្តពី​សាធារណៈជន បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ ជាទូទៅ។

ធនាគារជាតិនៃកម្ពុជា និងនគរបាលជាតិក៏បានលើកទឹកចិត្តដល់សាធារណជនឱ្យរាយការណ៍ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ និងខុសច្បាប់ដែលមានការសង្ស័យ តាមរយៈលេខទំនាក់ទំនងដែលបានផ្តល់ក្នុងសេចក្តីថ្លែងការណ៍៕ AKP-លឹម ណារី