ហ្វ៊ូណនខនសាល់ធីង ឯ.ក Close

ប្រតិបត្តិករសាលារៀនឈានមុខគេបានចុះបញ្ជីក្នុងផ្សារភាគហ៊ុនរបស់កម្ពុជា

កាលពីថ្ងៃពុធ ប្រតិបត្តិករសាលារៀនឯកជន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានបង្ហាញខ្លួនជាលើកដំបូងនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បន្ទាប់ពីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធជាផ្លូវការ ជាមួយទំហំបោះផ្សាយសរុបប្រមាណ៥ លានដុល្លារ។

ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលជាប្រតិបត្តិករសាលារៀនឯកជនឈានមុខគេមួយក្នុងប្រទេសកម្ពុជាបានក្លាយជាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុនទី១១ ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធជាផ្លូវការរបស់ខ្លួននៅលើទីផ្សារភាគហ៊ុនរបស់កម្ពុជា។

ក្រុមហ៊ុនមានភាគហ៊ុនចំនួន ៩,៩៦៦,១២៧ ដែលក្នុង១ភាគហ៊ុនមួយមានតម្លៃ ២,០៨០ រៀល (នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនដែលបានដាក់ជូន CSX ។ ចំនួនទឹកប្រាក់ពីការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធជាផ្លូវការ មានចំនួន៥ លានដុល្លារ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បាននិយាយថា “បច្ចុប្បន្នយើងមានសាខាចំនួន១៦ ដែលមានសិស្សជាង ២០,០០០ នាក់” ។ “ប្រាក់ចំណូលដែលទទួលបានមកពីការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធ នឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើតសាខាបន្ថែមទៀត។”

លោកបានបន្តថា វិនិយោគិនចំនួន ២,២៩៧ នាក់បានទិញភាគហ៊ុនមូលបត្រកម្មសិទ្ធរបស់ក្រុមហ៊ុន។

លោក ហុង សុខហួរ អគ្គនាយក CSX បាននិយាយថា CSX បានចុះបញ្ជីក្រុមហ៊ុនសរុបចំនួន២០ ដែលក្នុងនោះមានក្រុមហ៊ុនចំនួន១១បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុនចំនួន៩ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្មដែលប្រមូលបានដើមទុនសរុបជាង៣០០ លានដុល្លារ។

លោកបានបន្ថែមថា គិត​មក​ដល់​ពេល​នេះ អ្នក​វិនិយោគ​ប្រមាណ ៤​ម៉ឺន​នាក់​បាន​បើក​គណនី​ជួញដូរ​ភាគហ៊ុននៅលើ CSX។

CSX ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ហើយគឺជាការបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលកម្ពុជាដែលកាន់កាប់ភាគហ៊ុនចំនួន៥៥% និងក្រុមហ៊ុន Korean Exchangeដែលមានភាគហ៊ុន៤៥%។ Xinhua