ប្រតិបត្តិករសាលារៀនឈានមុខគេបានចុះបញ្ជីក្នុងផ្សារភាគហ៊ុនរបស់កម្ពុជា
កាលពីថ្ងៃពុធ ប្រតិបត្តិករសាលារៀនឯកជន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានបង្ហាញខ្លួនជាលើកដំបូងនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បន្ទាប់ពីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធជាផ្លូវការ ជាមួយទំហំបោះផ្សាយសរុបប្រមាណ៥ លានដុល្លារ។ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលជាប្រតិបត្តិករសាលារៀនឯកជនឈានមុខគេមួយក្នុងប្រទេសកម្ពុជាបានក្លាយជាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុនទី១១ ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធជាផ្លូវការរបស់ខ្លួននៅលើទីផ្សារភាគហ៊ុនរបស់កម្ពុជា។ក្រុមហ៊ុនមានភាគហ៊ុនចំនួន ៩,៩៦៦,១២៧ ដែលក្នុង១ភាគហ៊ុនមួយមានតម្លៃ ២,០៨០ រៀល (នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនដែលបានដាក់ជូន CSX ។ ចំនួនទឹកប្រាក់ពីការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធជាផ្លូវការ មានចំនួន៥ លានដុល្លារ។អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បាននិយាយថា “បច្ចុប្បន្នយើងមានសាខាចំនួន១៦ ដែលមានសិស្សជាង ២០,០០០ នាក់” ។ “ប្រាក់ចំណូលដែលទទួលបានមកពីការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធ នឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើតសាខាបន្ថែមទៀត។”លោកបានបន្តថា វិនិយោគិនចំនួន ២,២៩៧ នាក់បានទិញភាគហ៊ុនមូលបត្រកម្មសិទ្ធរបស់ក្រុមហ៊ុន។លោក ហុង សុខហួរ អគ្គនាយក CSX បាននិយាយថា CSX បានចុះបញ្ជីក្រុមហ៊ុនសរុបចំនួន២០ ដែលក្នុងនោះមានក្រុមហ៊ុនចំនួន១១បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុនចំនួន៩ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្មដែលប្រមូលបានដើមទុនសរុបជាង៣០០ លានដុល្លារ។លោកបានបន្ថែមថា គិតមកដល់ពេលនេះ អ្នកវិនិយោគប្រមាណ ៤ម៉ឺននាក់បានបើកគណនីជួញដូរភាគហ៊ុននៅលើ CSX។CSX ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ហើយគឺជាការបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលកម្ពុជាដែលកាន់កាប់ភាគហ៊ុនចំនួន៥៥% និងក្រុមហ៊ុន Korean Exchangeដែលមានភាគហ៊ុន៤៥%។ Xinhua
គម្រោងវិនិយោគចំនួន៩ត្រូវបានចេញវិញ្ញាបនបត្រចុះបញ្ជីដោយបង្កើតការងារបានប្រមាណ ១៤,០០០កន្លែង
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីសម្រាប់គម្រោងវិនិយោគថ្មីចំនួន ៩ ដែលបង្កើតឱកាសការងារសរុបចំនួន ១៣ ៨៤៩ កន្លែង។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីម្សិលមិញ គម្រោងដែលត្រូវបានចុះបញ្ជីមានទំហំទឹកប្រាក់ចំនួន៥៤.៨ លានដុល្លារ។ គម្រោងនេះមានទីតាំងនៅខេត្តកំពង់ស្ពឺ តាកែវ ស្វាយរៀង និងកណ្តាល និងរាជធានីភ្នំពេញ។គម្រោងថ្មីទាំងនេះនឹងមានរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ អំពូលភ្លើង កាបូប ស្បែកជើង សម្លៀកបំពាក់ ផ្សិត និងក្រដាសវេចខ្ចប់ និងក្រដាសកាតុង។លើសពីនេះ តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងនឹងមានរោងចក្រកង់ និងកង់អេឡិចត្រូនិក រួមជាមួយនឹងគម្រោងផលិតឧបករណ៍អគ្គិសនី។កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគចំនួន ៦ បន្ថែមទៀត ដែលមានទុនសរុប ១៦៣,៥ លានដុល្លារនៅរាជធានីភ្នំពេញ និងខេត្តក្រចេះ ស្វាយរៀង និងព្រះសីហនុ។គម្រោងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារថ្មីជាង ៣,០០០កន្លែង ដោយនឹងផលិតសំបកកង់រថយន្ត គ្រឿងអលង្ការដែលធ្វើពីដែក និងផ្លាស្ទិច គ្រឿងម៉ូដលំអរ អំពូលភ្លើង កាវ ថ្នាំលាប ទឹកថ្នាំ និងរបស់របរផ្សេងៗទៀត។ AKP