ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីសម្រាប់គម្រោងវិនិយោគថ្មីចំនួន ៩ ដែលបង្កើតឱកាសការងារសរុបចំនួន ១៣ ៨៤៩ កន្លែង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីម្សិលមិញ គម្រោងដែលត្រូវបានចុះបញ្ជីមានទំហំទឹកប្រាក់ចំនួន៥៤.៨ លានដុល្លារ។ គម្រោងនេះមានទីតាំងនៅខេត្តកំពង់ស្ពឺ តាកែវ ស្វាយរៀង និងកណ្តាល និងរាជធានីភ្នំពេញ។
គម្រោងថ្មីទាំងនេះនឹងមានរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ អំពូលភ្លើង កាបូប ស្បែកជើង សម្លៀកបំពាក់ ផ្សិត និងក្រដាសវេចខ្ចប់ និងក្រដាសកាតុង។
លើសពីនេះ តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងនឹងមានរោងចក្រកង់ និងកង់អេឡិចត្រូនិក រួមជាមួយនឹងគម្រោងផលិតឧបករណ៍អគ្គិសនី។
កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគចំនួន ៦ បន្ថែមទៀត ដែលមានទុនសរុប ១៦៣,៥ លានដុល្លារនៅរាជធានីភ្នំពេញ និងខេត្តក្រចេះ ស្វាយរៀង និងព្រះសីហនុ។
គម្រោងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារថ្មីជាង ៣,០០០កន្លែង ដោយនឹងផលិតសំបកកង់រថយន្ត គ្រឿងអលង្ការដែលធ្វើពីដែក និងផ្លាស្ទិច គ្រឿងម៉ូដលំអរ អំពូលភ្លើង កាវ ថ្នាំលាប ទឹកថ្នាំ និងរបស់របរផ្សេងៗទៀត។ AKP