ធនាគារជាតិនៃកម្ពុជា (NBC) និងអគ្គស្នងការនគរបាលជាតិបានអំពាវនាវជាថ្មីម្តងទៀតដល់សាធារណជនឱ្យប្រើប្រាស់អ្នកផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដែលមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល និងណែនាំកុំឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ និងគ្មានអាជ្ញាប័ណ្ណ។
ការណែនាំនេះត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ ដែលចេញផ្សាយនាពេលថ្មីៗនេះ។
អ្នកផ្តល់សេវាហិរញ្ញវត្ថុស្របច្បាប់រួមមានធនាគារពាណិជ្ជកម្ម និងឯកទេសដែលមានការអនុញ្ញាត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អ្នកផ្តល់សេវាទូទាត់ និងគ្រឹះស្ថានឥណទានជនបទ។
ការជូនដំណឹងនេះបានធ្វើឡើងបន្ទាប់ពីមានការសង្កេតលើការផ្សាយពាណិជ្ជកម្មទូរស័ព្ទចល័ត ប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាអនឡាញផ្សេងទៀតសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសប្រាក់កម្ចី។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា វាកំពុងបំភាន់សាធារណជន និងរំខានដល់សេដ្ឋកិច្ច និងសង្គម ដោយហៅសេវាកម្មទាំងនោះជាសេវា អនាធិបតេយ្យ និងខុសច្បាប់។
កម្ចីទាំងនោះគិតអត្រាការប្រាក់ខ្ពស់ខ្លាំង រួមជាមួយនឹងការគំរាមកំហែង និងកិច្ចសន្យាកេងប្រវ័ញ្ច ដែលគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាជន ដោយសារជំពាក់បំណុលគេច្រើនពេក។
សេចក្តីថ្លែងការណ៍បានបន្ថែមថា នៅទីបំផុត វាប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ ការទុកចិត្តពីសាធារណៈជន បរិយាប័ន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រព័ន្ធធនាគារក្នុងប្រទេសកម្ពុជា ជាទូទៅ។
ធនាគារជាតិនៃកម្ពុជា និងនគរបាលជាតិក៏បានលើកទឹកចិត្តដល់សាធារណជនឱ្យរាយការណ៍ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ និងខុសច្បាប់ដែលមានការសង្ស័យ តាមរយៈលេខទំនាក់ទំនងដែលបានផ្តល់ក្នុងសេចក្តីថ្លែងការណ៍៕ AKP-លឹម ណារី